តាមប្រភពពី CNN ទីក្រុងស៊ិនជិនដែលស្ថិតនៅភាគអាគ្នេយ៍នៃប្រទេសចិន បានក្លាយជាទីក្រុងទី១ របស់ប្រទេសនេះ ដែលហាមឃាត់ការបរិភោគសាច់សត្វឆ្មា និងឆ្កែ នេះបើតាមការប្រកាសដោយរដ្ឋាភិបាលចិនកាលពីថ្ងៃព្រហស្បត្តិ៍កន្លងទៅនេះ។
បើយោងតាមច្បាប់ថ្មី ដែលនឹងចូលជាធរមាននៅថ្ងៃទី១ ខែឧសភាខាងមុខ រដ្ឋាភិបាលបានបញ្ជាក់ថា ការបរិភោគសាច់សត្វចិញ្ចឹម នឹងក្លាយជាអំពើល្មើសច្បាប់។
កាលពីខែកុម្ភៈ ដើមឆ្នាំ២០២០ ក្រោយពីមានការរីករាលដាលនៃជំងឺកូរ៉ូណា ឬ COVID-19 ប្រទេសចិនបានរៀបចំច្បាប់ ដើម្បីហាមឃាត់ការបរិភោគសាច់សត្វព្រៃ។ នៅពេលនេះ ទីក្រុងស៊ិនជិន នឹងហាមឃាត់ការបរិភោគសត្វព្រៃ ព្រមទាំងសត្វចិញ្ចឹមដូចជា ឆ្មា និងឆ្កែជាដើម។
សត្វចិញ្ចឹមដែលអាចយកមកបរិភោគបាន មានដូចជា៖ ជ្រូក គោក្របី ចៀម លា ទន្សាយ មាន់ ទា ក្ងាន ព្រាប ក្រួច និងប្រភេទសត្វរស់នៅក្នុងទឹក។ បើតាមការប្រកាសរបស់អាជ្ញាធរ ចំពោះអ្នកល្មើសនឹងច្បាប់ខាងលើនេះ ប្រឈមមុខ នឹងការពិន័យជាទឹកប្រាក់ស្មើនឹង ៣០ដងនៃតម្លៃសត្វព្រៃ ប្រសិនបើសត្វព្រៃនោះមានតម្លៃ លើសពី ១ម៉ឺនយេន (ប្រហែល ១៤០០ដុល្លាអាមេរិក) ។
ការរីករាលដាលនៃជំងឺកូរ៉ូណា គឺចាប់ផ្តើមចេញពីផ្សារលក់សាច់សត្វព្រៃក្នុងក្រុងវូហាន ដែលអាជ្ញាធរចាំបាច់ត្រូវគ្រប់គ្រងរឿងសាច់សត្វព្រៃនេះ ដើម្បីជៀសវាងការរីករាលដាលជំងឺផ្សេងជាថ្មីទៀត។ ទោះជាយ៉ាងនេះក៏ដោយ ការទប់ស្កាត់ការជួញដូរជារឿងដ៏លំបាក ព្រោះតែវប្បធម៌ដ៏យូរលង់នៃការយកសត្វព្រៃជាអាហារ ជាថ្នាំ ជាសំលៀកបំពាក់ ជាគ្រឿងតុបតែង ព្រមទាំងជាសត្វចិញ្ចឹមផងដែរ។ នេះមិនមែនជាលើកទី១ទេ ដែលអាជ្ញាធរប្រទេសចិនបានព្យាយាមបង្ក្រាបការជួញដូរសត្វព្រៃ ។ កាលពីឆ្នាំ២០០៣ អំបូរសត្វសំពោធ ត្រូវបានហាមឃាត់ និងដកហូតក្នុងបរិមាណដ៏ច្រើន បន្ទាប់ពីមានចម្លងមេរោគ SARS ទៅមនុស្ស។ ក្រៅពីនេះ ការលក់សត្វពស់ ក៏ត្រូវបានហាមឃាត់ក្នុងខេត្តក្វាងចូវដែរ បន្ទាប់ពីការរាលដាលនៃជំងឺ SARS។
Source: CNN
- ប្រសិនបើលោកអ្នក ចង់បាន អត្ថបទទាំងនេះ សូមទាក់ទង មកលេខ 097 57 90000 / 070 57 9000 ឬតាមរយៈ អ៊ីមែល [email protected]